Thursday, February 25, 2010

លោក ហ៊ុន សែន ប្រាប់ថៃ​ថា​លោក​នឹង​ចុះ​សួរ​សុខទុក្ខ​កងទ័ព​សា​ជា​ថ្មី

ប្រភពៈវិទ្យុបារាំងអន្តរជាតិជាខេមរភាសារ(RFI)
ដោយ
លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 24/02/2010
កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 25/02/2010 07:33 ម៉ោងសកល

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ព្រមាន​ថ្នាក់​ដឹកនាំ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​នេះ មិន​អោយ​បញ្ចេញ​ប្រតិកម្ម​ផ្តេសផ្តាស​ទៅលើ​ដំណើរ​សួរ​សុខទុក្ខ​កងទ័ព​លើក​ទី ​២​នៅ​ខេត្ត​បាត់ដំបង​នៅ​ចុង​សប្តាហ៍​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បង្ហើប​អោយ​ដឹង​ផង​ដែរ​ថា ទាហាន​កម្ពុជា​នឹង​ធ្វើ​សមយុទ្ធ​មួយ​នៅ​ដើម​ខែ​មិនា​ក្រោយ​នេះ។ ទាំង​ការ​សួរ​សុខទុក្ខ​ទាហាន​តាម​កង​ពល និង​ទាំង​សមយុទ្ធ​យោធា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គឺ​ជា​សកម្មភាព​ធម្មតា​របស់​កម្ពុជា។

លោក ហ៊ុន សែន​ ព្រមាន​ថៃ​មិន​ឲ្យ​បញ្ចេញ​ប្រតិកម្ម​ផ្តេស​ផ្តាស​ លើ​ដំណើរ​ចុះ​សួរ​សុខទុក្ខ​​​ទាហាន​​នៅ​បាត់​ដំបង

នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នឹង​ចុះ​សួរ​សុខ​ទុក្ខ​ទាហាន​ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ជា​ដំណើរ​សួរ​សុខ​ទុក្ខ​ធម្មតា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល ដូច​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​បាន​បញ្ជាក់​រួច​ហើយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា លោក​ ហ៊ុន សែន ​បាន​ថ្លែង​ប្រហើរ​ការ​ព្រមាន​ទៅ​ទីក្រុង​បាងកក មិន​អោយ​មេដឹកនាំ​នៅ​ទីនោះ ធ្វើ​អត្ថាធិប្បាយ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​លោក​ឡើយ។ វា​ទំនង​ជា​ការ​ព្រមាន​ដើម្បី​ទប់ស្កាត់​មិន​អោយ​មាន​រឿង ដដែល​ជា​លើក​ទី២។ ពោល​គឺការ​ធ្វើ​អត្ថាធិប្បាយ​ផ្សេងៗ ពី​សំណាក់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថៃ ដែល​ពេល​ខ្លះ​ខុស​ពី​ព័ត៌មាន​ជាក់​ស្តែង​ផង។

កាល​ពី​ខែ​មករា​មុន​នេះ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​សួរ​សុខទុក្ខ​កងទ័ព​តាម​ព្រំដែន​ប្រាសាទ​ ព្រះវិហារ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថៃ​បាន​ធ្វើ​អត្ថាធិប្បាយ​រិះគន់​លោក​ ហ៊ុន សែន​ តាំង​ពី​ការ​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​ឡើង។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​ប្រតិកម្ម​របស់​លោក​ទៅ​ រដ្ឋាភិបាល​ថៃ​នោះ​ទេ ប្រសិន​បើ​មាន​ការ​អត្ថាធិប្បាយ​មែន​នោះ។

ទាហាន​ខ្មែរ​ដែល​ឈរ​ជើង​នៅ​ព្រំដែន​ខ្មែរ​ថៃ
(រូបថត ៖ សុវណ្ណារ៉ា)

ណើរ​សួរ​សុខ​ទុក្ខ​ទាហាន​សា​ជា​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​ថៃ​កំពុង​តែ​ជួប​វិបត្តិ​នយោបាយ​ផ្ទៃក្នុង និង​ស្ថានភាព​សន្តិសុខ​កាន់​តែ​ផុយ​ស្រួយ​សម្រាប់​រដ្ឋាភិបាល​ថៃ​ បច្ចុប្បន្ន។

ទន្ទឹម​គ្នា​នេះ យោង​តាម​ការ​ថ្លែង​អោយ​ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដដែល យោធា​កម្ពុជា​ក៏​នឹង​គ្រោង​ធ្វើ​សមយុទ្ធ​មួយ​នៅ​ថ្ងៃ​ទី​៤​ខែ​មិនា សប្តាហ៍​ក្រោយ​នេះ​ដែរ ដោយ​មាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ផង។ លោក ​ហ៊ុន សែន​ បាន​បញ្ជាក់​ថា នេះ​ក៏​ជា​ការ​ធ្វើ​សមយុទ្ធ​ធម្មតា​របស់​កម្ពុជា ហើយ​វា​មិន​មាន​ន័យ​ថា កម្ពុជា​ចង់​បង្អួត​សាច់ដុំ​អ្វី​នោះ​ឡើយ៕

0 comments:

©2010-Designed by Ritz_Meanpore