ប្រភពៈ កាសែតកោះសន្តិភាព
អ្នកនិពន្ធៈ កោះឯករាជ្យ
ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១០
យោងតាមព័ត៌មានដែល ចេញផ្សាយតាមគេហទំព័រកាសែតបាងកកប៉ុស្ដិ៍របស់ថៃជាភាសាអង់គ្លេសនៅ ថ្ងៃទី២៤ ខែកុម្ភៈ បានដកស្រង់សំដីលោកអាប់ភីស៊ីត វ៉េចាជីវ៉ា នាយករដ្ឋមន្ដ្រីថៃ ដែលបានថ្លែងកាលពីថ្ងៃទី២៣កុម្ភៈ ថា គ្មានផ្លូវលើកលែងទោសដល់លោកថាក់ស៊ីនឡើយ ទោះជាមានការលើកឡើងថា ការលើកលែងទោសជាកាយវិការនាំឱ្យមានការផ្សះផ្សាក៏ដោយ។
លោកអាប់ភីស៊ីត បានថ្លែងទៀតថា ប្រសិនបើចង់ឱ្យមានការលើកលែងទោសលោកថាក់ស៊ីន ត្រូវតែគោរពប្រព័ន្ធយុត្ដិធម៌ជាមុនសិន។ នេះជាលើកទី២ហើយ ដែលលោកអាប់ភីស៊ីតបដិសេធមិនលើកលែងទោសដល់លោកថាក់ស៊ីន។ តាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីតបានថ្លែងថា “ប្រសិនបើលោកថាក់ស៊ីនគោរពនីតិរដ្ឋ អាចមានការចរចាគ្នា ហើយបើលោកមិនគោរពនីតិរដ្ឋផង ការចរចាអាចធ្វើឡើងយ៉ាងដូចម្ដេចទៅកើត”។
ប្រភពព័ត៌មានដដែលបានផ្សាយថាកាលពីថ្ងៃទី២២ កុម្ភៈ លោក ថាក់ស៊ីន បានថ្លែងតាមបណ្ដាញទំនាក់ទំនងវីដេអូលីងទៅកាន់អ្នកគាំទ្ររបស់លោក ថា រូបលោកចង់ចរចាជាមួយរដ្ឋាភិបាល។ លោកថាក់ស៊ីនបានថ្លែងទៀតថា ប្រទេសថៃនឹងធ្លាក់ចូលក្នុងភាពចលាចលចៀសមិនផុតឡើយនៅឆ្នាំនេះ ប្រសិនបើការមិនចុះសំរុងគ្នាមិនត្រូវគេដោះស្រាយឱ្យបានទាន់ពេល ទេនោះ។ ទាក់ទិនទៅនឹងការប្រមូលផ្ដុំរបស់ក្រុមបាតុករអាវក្រហម ប្រឆាំងរដ្ឋាភិបាលលោក អាប់ភីស៊ីតនោះយោងតាមព័ត៌មានដែលចេញផ្សាយតាមគេហទំព័រ Mcot នាថ្ងៃទី២៤ កុម្ភៈ ឱ្យដឹងថា ក្រុមបាតុករអាវក្រហមបានប្រកាសថា ពួកគេនឹងប្រមូលផ្ដុំក្នុងទ្រង់ទ្រាយធំនៅដើមខែមីនាខាងមុខនេះ ដោយរំពឹងថានឹងមានមនុស្សជាង១លាននាក់ចូលរួម។
ក្រុមអាវក្រហមបានសច្ចាថា ពួកគេនឹងផ្ដួលរំលំរដ្ឋាភិបាលលោកអាប់ភីស៊ីតក្នុងរយៈពេល៧ថ្ងៃប៉ុណ្ណោះ។ លោក Jatuporn Prompan មេដឹកនាំក្រុមអាវក្រហមមួយរូបបានថ្លែងថា មេដឹកនាំចលនាក្រុមអាវក្រហមបានជួបប្រជុំនៅថ្ងៃទី ២៤ កុម្ភៈ ដើម្បីកំណត់ពីយុទ្ធសាស្ដ្រដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកអាប់ភីស៊ី ត។ ការប្រមូលផ្ដុំ ប្រឆាំងរដ្ឋាភិបាលនឹងមិនអូសបន្លាយពេលទៀតឡើយ ប៉ុន្ដែមិនធ្វើនៅថ្ងៃទី២៨ កុម្ភៈ ដូចការរំពឹងទុករបស់រដ្ឋាភិបាលឡើយ។ មេដឹកនាំក្រុមអាវក្រហមរូបនេះ មានជំនឿយ៉ាងមុតមាំថាក្នុងការប្រមូលផ្ដុំលើកនេះ ក្រុមអាវក្រហមនឹងត្រូវតែផ្ដួលរំលំរដ្ឋាភិបាលរបស់លោកអាប់ភីស៊ី តឱ្យខាងតែបាន ក្នុងរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ។ លោក Jatuporn បញ្ជាក់ថា បាតុករអាវក្រហម១លាននាក់ប្រើប្រាស់រថយន្ដកាំមីញ៉ុងចំនួន១០០.០០០ គ្រឿង នឹងប្រមូលផ្ដុំគ្នានៅកន្លែងសំខាន់ៗ ដូចជានៅ Sanam Luang ក្នុងទីក្រុងបាងកក និងនៅបរិវេណខាងមុខវិមាន Royal Plaza ជាដើម។
កាលពីពេលថ្មីៗកន្លងមក ក្រុមអាវក្រហមបានប្រមូលផ្ដុំគ្នារប៉េះរប៉ោះប្រឆាំងរដ្ឋាភិបាលលោក អាប់ភីស៊ីត មុនពេលចូលដល់កាលបរិច្ឆេទនៃការចេញសាលក្រម របស់តុលាការកំពូលអំពីករណីរឹបអូសទ្រព្យសម្បត្ដិដែលត្រូវបង្កករបស់ លោក ថាក់ស៊ីននៅថ្ងៃទី២៦ ខែកុម្ភៈ។ ទន្ទឹមពេលគ្នានេះ លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត បានធានាចំពោះសាធារណជនថៃសាជាថ្មីម្ដងទៀតថា រដ្ឋាភិបាលរបស់លោកអាចដោះស្រាយស្ថានការណ៍បានដោយមិនចាំបាច់ ប្រើប្រាស់ច្បាប់សន្ដិសុខពិសេសឡើយ។ ទោះជាយ៉ាងណាក្ដីលោកសង្កត់ធ្ងន់ថា លោកមិនអោនក្បាលចំពោះការគំរាមកំហែងណាមួយឡើយ ។
- ថាក់ស៊ីន សុំស្លាប់នៅលើទឹកដីថៃ
តាមគេហទំព័រកាសែតឌឹណេសិន ផ្សាយថ្ងៃទី២៤ ខែកុម្ភៈ បានដកស្រង់សំដីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ កាលពីយប់ថ្ងៃអង្គារ ទី២៣ កុម្ភៈ ថា លោកបានអំពាវនាវសុំឱកាសសំរាប់ថ្ងៃចុងក្រោយរបស់លោកនៅក្នុងប្រទេស ថៃ។ លោកថាក់ស៊ីន បានថ្លែងថាលោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីពិភាក្សាជាមួយ រដ្ឋាភិបាលថៃ បច្ចុប្បន្នដើម្បីផលប្រយោជន៍ប្រទេសជាតិ។ លោកអតីតនាយករដ្ឋមន្ដ្រីថៃរូបនេះ បានថ្លែងតាមកម្មវិធីវិទ្យុដែលដំណើរការតាមប្រព័ន្ធអ៊ីនធើរណេ តរបស់លោកថា “ខ្ញុំមិនចង់ស្លាប់នៅប្រទេសណាផ្សេងក្រៅពីប្រទេសថៃឡើយ គឺខ្ញុំចង់ត្រឡប់ទៅស្លាប់នៅប្រទេសរបស់ខ្ញុំវិញ”។ លោកមានឆន្ទៈបំរើប្រទេសជាតិក្នុងតួនាទីអ្វីក៏បាន ទោះបីជាមិនបានក្លាយជានាយករដ្ឋមន្ដ្រីវិញក៏ដោយ។ លោកថ្លែងថា “សូមឱ្យខ្ញុំដឹងពីអ្វីដែលអ្នកចង់ឱ្យខ្ញុំធ្វើ។ ខ្ញុំនៅតែអាចផ្ដល់ផលប្រយោជន៍ដល់ប្រទេស ទោះបីជាខ្ញុំមិនមែនជានាយករដ្ឋមន្ដ្រីក៏ដោយ។ មិនតែប៉ុណ្ណោះខ្ញុំអាចបង្កើតមូលនិធិដែលមានប្រាក់រាប់រយពាន់លានបាត ដែលចូលរួមផ្ដល់ជាវិភាគទាន ដោយមិត្ដភក្ដិរបស់ខ្ញុំដែលសុទ្ធតែជាមហាសេដ្ឋី”។ នៅក្នុងការអំពាវនាវសុំឱ្យមានការផ្សះផ្សាគ្នា លោកថាក់ស៊ីន បានប្រៀបធៀបប្រទេសថៃទៅនឹងនាវាមួយដែលកំពុងស្ថិតនៅក្នុងព្យុះ ភ្លៀងយ៉ាងខ្លាំងដោយលោកថ្លែងថា “ប្រសិនបើនាវាអាចគេចផុតពីការបំផ្លិចបំផ្លាញនៅក្នុងព្យុះ ហើយទៅដល់កោះត្រើយ អ្នកដំណើរតាមនាវានោះនឹងមានសុវត្ថិភាព។ នៅពេលនៅក្នុងសមុទ្រ អ្នកដំណើរនៅលើនាវាគួរតែកុំឈ្លោះគ្នា បើមិនដូច្នេះទេនាវានឹងក្រឡាប់មិនខាន”។ លោកថាក់ស៊ីន បានថ្លែងដូច្នេះ គឺចង់មានន័យថា នៅពេលប្រទេសកំពុងស្ថិតក្នុងភាពវឹកវរ ថ្នាក់ដឹកនាំគួរតែកុំមានបញ្ហាជាមួយគ្នា បើមិនដូច្នេះទេប្រទេសនឹងកើតមានសង្គ្រាមចៀសមិនផុតឡើយ ។
- អានុពង្ស ផាវចិន្ដា ប្រកាសទប់ទល់បាតុករ
លោកអានុពង្ស ផាវចិន្ដា ប្រកាសថា កងទ័ពមិនធ្វើរដ្ឋប្រហារទេ កងទ័ពជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការថែរក្សាសន្ដិសុខប្រទេសនិងជឿថា នៅថ្ងៃទី២៦ កុម្ភៈ ខាងមុខនេះនឹងគ្មានសង្គ្រាមស៊ីវិលឡើយ។ លោកបានកោតសរសើរលោកអាប់ភីស៊ីតថា ស័ក្ដិសមនឹងតំណែងជានាយករដ្ឋមន្ដ្រី។ ស្របពេលជាមួយគ្នានេះក៏មានដំណឹងថា ក្រុមអាវក្រហមប្រកាសថា នឹងប្រមូលក្រុមអាវក្រហមគ្រប់ខេត្ដនៅទូទាំងប្រទេសធ្វើដំណើរចូល ទៅក្រុងបាងកកនៅថ្ងៃទី១២ មីនា ដើម្បី ធ្វើបាតុកម្មដ៏ធំមួយបណ្ដេញនាយករដ្ឋមន្ដ្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា នៅថ្ងៃទី១៤ មីនា។ លោកឧត្ដមសេនីយ៍អានុពង្ស ផាវចិន្ដា មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ប្រាប់កាសែត “ឌឹណេស្សិន” (NATION) ពីសកម្មភាពរបស់ក្រុមអាវក្រហមដែលគ្រោងតវ៉ានៅថ្ងៃទី២៦ កុម្ភៈ ពាក់ព័ន្ធនឹងការកាត់ក្ដីរឹបអូសទ្រព្យសម្បត្ដិ ៧,៦ម៉ឺនលានបាតរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថា “ក្នុងថ្ងៃទី២៦ កុម្ភៈ ខ្ញុំស្ថិតនៅក្នុងក្រុងបាងកកមិនចាកចេញទៅណាឡើយ” ។ បច្ចុប្បន្នបានរៀបចំកំលាំងទ័ព ចំនួន២០០នាក់ ចេញប្រតិបត្ដិការជាមួយប៉ូលិស ជាពិសេសនៅត្រង់ចំណុចត្រួតពិនិត្យផ្សេងៗ ដូចដែលមានការប្រជុំរបស់គណៈកម្មការសន្ដិសុខជាតិកាលពីសបា្ដហ៍មុន។ លោកឧត្ដមសេនីយ៍មេទ័ពរូបនេះថ្លែងឱ្យដឹងថា “ខ្ញុំគិតថាក្នុងថ្ងៃទី២៦ កុម្ភៈ នោះ ហេតុការណ៍មិនរាលដាល និងគ្មានសង្គ្រាមស៊ីវិលទេ ព្រោះកងទ័ពមានឧបករណ៍ប្រើប្រាស់ក្នុងការបង្ក្រាប បើសិនស្ថានការណ៍ធ្ងន់ធ្ងររដ្ឋាភិបាលគ្រប់គ្រងមិនបាន យើងនឹងចេញជួយអន្ដរាគមន៍បាន” ។ សំរាប់ការពិចារណារឿងក្ដីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចេញមកក្នុងលទ្ធផលបែបណានោះ លោកអានុពង្ស ផាវចិន្ដា បច្ចុប្បន្នមានមនុស្សជាច្រើនធ្វើការវិភាគដល់ទៅ៣ករណី ដោយករណីដំបូង (ទី១) គឺការ រឹបអូសទ្រព្យទាំងអស់។ ករណីទី២ រឹបអូសទ្រព្យមួយចំនួន និងករណីទី៣ មិនរឹបអូស។ ចំពោះករណីទាំង៣ខាងលើ លោកអានុពង្ស បានគូសបញ្ជាក់ថា ខ្លួនមិនទាន់បានដឹងច្បាស់ទោះជាបែបណាក្ដី បញ្ហាខាងលើជាតួនាទីរបស់តុលាការដែលត្រូវធ្វើទៅតាមច្បាប់ មិនអាចធ្វើការវិភាគបានឡើយ។ ការចេញមុខប្រកាសរបស់មេទ័ពជើងគោកថៃនេះបានបង្ហាញច្បាស់ថា មានភាពលំអៀងបាត់ទៅហើយ ដែលកាលពីឆ្នាំកន្លងទៅក្នុងរដ្ឋាភិបាលលោកសាម៉ាក់ និងលោក ស៊ុមឆាយ ពួកបាតុករអាវលឿងបានបង្កឱ្យសង្គមច្របូកច្របល់ហើយក៏មានការបញ្ជា ឱ្យមេទ័ពរូបនេះជួយដល់រដ្ឋាភិបាល ក្នុងការស្ដារស្ថិរភាពឡើងវិញផងដែរតែខាងទាហានធ្វើព្រងើយ។ លុះដល់ពេលនេះអានុពង្សចេញមុខប្រកាសបង្ក្រាបក្រុមបាតុករអាវក្រហម ទៅវិញ។
0 comments:
Post a Comment