ប្រភពៈវិទ្យុបារាំងអន្តរជាតិជាខេមរភាសារ(RFI)
ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 24/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 25/02/2010 07:33 ម៉ោងសកល
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានព្រមានថ្នាក់ដឹកនាំទីក្រុងបាងកកនៅថ្ងៃនេះ មិនអោយបញ្ចេញប្រតិកម្មផ្តេសផ្តាសទៅលើដំណើរសួរសុខទុក្ខកងទ័ពលើកទី ២នៅខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះ។ លោកនាយករដ្ឋមន្ត្រីក៏បង្ហើបអោយដឹងផងដែរថា ទាហានកម្ពុជានឹងធ្វើសមយុទ្ធមួយនៅដើមខែមិនាក្រោយនេះ។ ទាំងការសួរសុខទុក្ខទាហានតាមកងពល និងទាំងសមយុទ្ធយោធា លោក ហ៊ុន សែន បានបញ្ជាក់ថា គឺជាសកម្មភាពធម្មតារបស់កម្ពុជា។
លោក ហ៊ុន សែន ព្រមានថៃមិនឲ្យបញ្ចេញប្រតិកម្មផ្តេសផ្តាស លើដំណើរចុះសួរសុខទុក្ខទាហាននៅបាត់ដំបង
នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចុះសួរសុខទុក្ខទាហានជាថ្មីម្តងទៀត នៅក្នុងខេត្តបាត់ដំបង។ ជាដំណើរសួរសុខទុក្ខធម្មតា ក្នុងនាមជាប្រមុខរដ្ឋាភិបាល ដូចលោកនាយករដ្ឋមន្ត្រីខ្លួនឯងបានបញ្ជាក់រួចហើយ ហេតុដូច្នេះហើយបានជា លោក ហ៊ុន សែន បានថ្លែងប្រហើរការព្រមានទៅទីក្រុងបាងកក មិនអោយមេដឹកនាំនៅទីនោះ ធ្វើអត្ថាធិប្បាយដែលធ្វើអោយប៉ះពាល់ដល់លោកឡើយ។ វាទំនងជាការព្រមានដើម្បីទប់ស្កាត់មិនអោយមានរឿង ដដែលជាលើកទី២។ ពោលគឺការធ្វើអត្ថាធិប្បាយផ្សេងៗ ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ដែលពេលខ្លះខុសពីព័ត៌មានជាក់ស្តែងផង។
កាលពីខែមករាមុននេះ នៅពេលលោកនាយករដ្ឋមន្ត្រីចុះសួរសុខទុក្ខកងទ័ពតាមព្រំដែនប្រាសាទ ព្រះវិហារ ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃបានធ្វើអត្ថាធិប្បាយរិះគន់លោក ហ៊ុន សែន តាំងពីការស្លៀកពាក់ឯកសណ្ឋានទាហានឡើង។
ទោះយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ច្បាស់អំពីប្រតិកម្មរបស់លោកទៅ រដ្ឋាភិបាលថៃនោះទេ ប្រសិនបើមានការអត្ថាធិប្បាយមែននោះ។
ទាហានខ្មែរដែលឈរជើងនៅព្រំដែនខ្មែរថៃ
(រូបថត ៖ សុវណ្ណារ៉ា)
ណើរសួរសុខទុក្ខទាហានសាជាថ្មីរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពេលដែលប្រទេសថៃកំពុងតែជួបវិបត្តិនយោបាយផ្ទៃក្នុង និងស្ថានភាពសន្តិសុខកាន់តែផុយស្រួយសម្រាប់រដ្ឋាភិបាលថៃ បច្ចុប្បន្ន។
ទន្ទឹមគ្នានេះ យោងតាមការថ្លែងអោយដឹងរបស់លោកនាយករដ្ឋមន្ត្រីខ្មែរដដែល យោធាកម្ពុជាក៏នឹងគ្រោងធ្វើសមយុទ្ធមួយនៅថ្ងៃទី៤ខែមិនា សប្តាហ៍ក្រោយនេះដែរ ដោយមានប្រើអាវុធធុនធ្ងន់ផង។ លោក ហ៊ុន សែន បានបញ្ជាក់ថា នេះក៏ជាការធ្វើសមយុទ្ធធម្មតារបស់កម្ពុជា ហើយវាមិនមានន័យថា កម្ពុជាចង់បង្អួតសាច់ដុំអ្វីនោះឡើយ៕
Read Full story...